2 Corinthians 9

1ចំពោះការ​ឧបត្ថម្ភ​ដល់​ពួកបរិសុទ្ធនោះមិន​ចាំបាច់​ឲ្យ​ខ្ញុំសរសេរ​ប្រាប់​អ្នករាល់គ្នាទេ 2ដ្បិតខ្ញុំ​បាន​ស្គាល់ចិត្ដសង្វាត​របស់​អ្នករាល់គ្នាហើយ​បាន​ជា​ខ្ញុំ​អួត​ពួក​អ្នក​ស្រុក​ម៉ាសេដូនពីអ្នករាល់គ្នាថា​ពួក​អ្នក​នៅ​ស្រុក​អាខៃ​បាន​ត្រៀមតាំងពីឆ្នាំមុន​មក​ម៉្លេះ​ដូច្នេះហើយភាពប្ដូរផ្ដាច់​របស់​អ្នករាល់គ្នា​បាន​ជំរុញ​ទឹក​ចិត្ដ​មនុស្ស​ជាច្រើន 3ខ្ញុំបាន​ចាត់បងប្អូន​ទាំង​នោះឲ្យមកដើម្បីកុំ​ឲ្យ​មោទនភាព​របស់​យើងអំពីអ្នករាល់គ្នាត្រង់ចំនុចនេះត្រលប់ជា​ឥត​ប្រយោជន៍​ហើយ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ត្រៀម​ដូច​ដែល​ខ្ញុំ​បាន​និយាយ​មែន 4ក្រែងលោបើ​សិន​ជា​មាន​ពួក​អ្នក​ស្រុក​ម៉ាសេដូនមកជាមួយខ្ញុំហើយឃើញអ្នករាល់គ្នា​មិន​បាន​ត្រៀម​នោះ​មិន​ត្រឹមតែ​អ្នករាល់គ្នាទេ​សូម្បីតែ​យើងដែលមាន​ការ​ទុកចិត្ដនេះ​ក៏​មាន​សេចក្ដី​ខ្មាស​ដែរ។ 5ដូច្នេះខ្ញុំ​យល់ឃើញថាត្រូវជំរុញបងប្អូន​ទាំង​នោះ​ឲ្យ​មកអ្នករាល់គ្នាមុនហើយរៀបចំ​ជាមុន​នូវ​អំណោយដែលអ្នករាល់គ្នា​បាន​សន្យាពីមុននោះ​ឲ្យ​បាន​រួច​រាល់​ដើម្បី​ឲ្យ​អំណោយ​នោះ​ជា​អំណោយ​មែន​មិនមែន​ជា​ការជំរិតឡើយ 6គឺបែប​នេះអ្នក​ណា​ដែលព្រោះដោយកំណាញ់​អ្នក​នោះ​នឹង​ច្រូតបានដោយកំណាញ់អ្នក​ណា​ដែលព្រោះដោយសប្បុរស​អ្នក​នោះ​នឹង​ច្រូតបាន​ដោយ​សប្បុរស 7ចូរម្នាក់ៗ​ឲ្យ​តាមដែល​បាន​សម្រេចចិត្ដ​ចុះ​មិន​មែន​ឲ្យ​ដោយស្ដាយដោយការបង្ខិតបង្ខំឡើយដ្បិតព្រះជាម្ចាស់ស្រលាញ់អ្នក​ដែល​ឲ្យដោយអំណរ 8ព្រះជាម្ចាស់អាច​ធ្វើ​ឲ្យ​គ្រប់ទាំង​ព្រះ​គុណ​បាន​ចម្រើនឡើងដល់អ្នករាល់គ្នាដើម្បីឲ្យ​អ្នករាល់គ្នា​មាន​ភាព​គ្រប់គ្រាន់ជានិច្ចនៅក្នុងគ្រប់កិច្ចការទាំងអស់​ព្រមទាំង​ឲ្យ​អ្នករាល់គ្នា​បាន​ចម្រើនឡើងនៅក្នុងការល្អគ្រប់ជំពូក 9ដូចមាន​សេចក្ដីចែង​ទុក​ថា៖ ​«គាត់​បាន​ចែកចាយ​គាត់​បាន​ឲ្យទានដល់​ពួក​អ្នកក្រ​ហើយ​សេចក្ដី​សុចរិត​របស់​គាត់នៅស្ថិតស្ថេរអស់កល្បជានិច្ច» 10រីឯព្រះ​ដែលផ្គត់ផ្គង់គ្រាប់ពូជ​ដល់​អ្នក​ព្រោះ​ពូជព្រមទាំងអាហារសម្រាប់បរិភោគ​ផង​ព្រះអង្គ​នឹងផ្គត់ផ្គង់ហើយធ្វើ​ឲ្យ​គ្រាប់ពូជ​របស់​អ្នករាល់គ្នា​មាន​ច្រើន​ឡើងៗនិងធ្វើ​ឲ្យ​ផលនៃ​សេចក្ដី​សុចរិត​របស់​អ្នករាល់គ្នា​បាន​កើន​ច្រើន​ឡើង 11ព្រមទាំងឲ្យ​អ្នករាល់គ្នា​ចម្រុងចម្រើនក្នុង​ការ​គ្រប់ទាំងអស់សម្រាប់សេចក្ដីសប្បុរសគ្រប់បែបយ៉ាងដែលធ្វើ​ឲ្យ​មានការអរព្រះគុណ​ដល់​ព្រះជាម្ចាស់តាមរយៈយើង 12ព្រោះការ​ឧបត្ថម្ភ​ជំនួយ​នេះមិនត្រឹមតែបំពេញសេចក្ដីត្រូវការរបស់​ពួក​បរិសុទ្ធប៉ុណ្ណោះទេគឺ​កាន់តែ​ចម្រើនឡើងតាមរយៈការអរព្រះគុណជាច្រើនដល់ព្រះជាម្ចាស់ទៀតផង 13តាមរយៈភស្ដុតាងនៃ​ការ​ឧបត្ថម្ភនេះ​ពួកគេ​នឹង​សរសើរតម្កើងព្រះជាម្ចាស់ដោយព្រោះអ្នករាល់គ្នាចុះចូលចំពោះការប្រកាស​របស់​អ្នករាល់គ្នា​អំពី​ដំណឹងល្អ​របស់​ព្រះ​គ្រិស្ដ​និង​ដោយព្រោះ​សេចក្ដីសប្បុរស​របស់​អ្នករាល់គ្នា​នៅក្នុង​ការ​បរិច្ចាគសម្រាប់ពួកគេនិង​មនុស្ស​ទាំងអស់ 14ហើយនៅក្នុង​ការ​ទូល​អង្វរ​របស់​ពួកគេសម្រាប់អ្នករាល់គ្នា​ពួកគេ​ស្រលាញ់អ្នករាល់គ្នាយ៉ាងខ្លាំងដោយព្រោះ​ព្រះ​គុណ​ដ៏​លើសលប់​របស់​ព្រះជាម្ចាស់​ដែល​នៅលើអ្នករាល់គ្នា 15សូមអរព្រះគុណព្រះជាម្ចាស់ចំពោះអំណោយទាន​ដ៏​រក​ថ្លែង​ពុំ​បាន​របស់​ព្រះអង្គ
Copyright information for KhmKCB